ក្រដាស់អេឡិចត្រូនិចអ៊ែរ៉ូប៊ីរបស់ក្រុមហ៊ុនប៊្រីជស្តូន

១៥ មេសា ២០១១

នៅ​ពិពណ៌ហ្វាញថិចជប៉ុន* (Finetech Japan) ក្រុមហ៊ុនប៊ី្រជស្តូន* (Bridgestone) បាន​ដាក់​បង្ហាញ​នូវ​អេក្រង់​ក្រដាស់​អេឡិចត្រូនិច*ឈ្មោះ អ៊ែរ៉ូប៊ី (AeroBee) ដែល​គំរោង​នឹង​ចេញ​លក់​ក្នុងពេល​ឆាប់ៗ។

«ក្រដាស់​ឌីជីថល​នេះ​​ដំណើរការ​ខុសគ្នា​ទាំងស្រុង​ពី​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន E-Ink*។ អ៊ែរ៉ូប៊ី​ដំណើរការ​ដោយ​ប្រើ​ម្សឿ​ផ្ទុក​បន្ទុកអគ្គីសនី​​ពណ៌ស​និង​ខ្មៅ ហើយ​ម្សៅ​ទាំងនោះ​​អណ្ដែត​ក្នុង​ខ្យល់​ ពេលណា​គេ​ផ្ដល់​តង់ស្យុង​*ទៅលើ​អេឡិចត្រូត​*ថ្លា។ ហេតុនេះ អ៊ែរ៉ូប៊ី​អាច​ដេញទាន់​ការសរសេរ​ដោយ​ប្រើ​ប៊ិច​​បានយ៉ាងលឿន ព្រោះ​ម្សៅ​ទាំងនោះ​ផ្លាស់ទី​ក្នុង​ខ្យល់។»

«សំរាប់ឧបករណ៍ទំហំA4ដែលមានបង្ហាញនៅទីនេះ យើងផ្ដល់ជូនទាំងផ្នែករឹង (hardware) និងប្រព័ន្ធប្រតិបត្តិការ(OS)។ ហេតុនេះយើងនឹងលក់ជូនជាចំបងទៅក្រុមហ៊ុនធ្វើសមាហរនកម្មប្រព័ន្ធ*។ យើងសង្ឃឹមថាពួកគេនឹងប្រើប្រាស់​អ៊ែរ៉ូប៊ីនេះ ដោយកែច្នៃវា​សំរាប់ផ្ដល់សេវាកម្មជូនអតិថិជនរបស់ពួកគេ។»

កម្មវិធី​អាន Aerobee E-reader ដើរ​ដោយ Linux 2.6 kernel នៅលើ​ប្រូសេស័រ Arm 11។ វា​ថែមទាំង​មាន​RAM ទំហំ 128MB។ វា​មាន​អេក្រង់​ទំហំ​១៣,១អ៊ីញ ទំងន់​ប្រហែល​៦០០ក្រាម និង​មាន​ប៊្លូធូស​​និង​វ៉ាយហ្វាយ​​ផងដែរ។ អ៊ែរ៉ូប៊ី​ប្រើ​បន្ទះតំរង​ដើម្បី​អោយ​អាចមើលឃើញ​​ជាពណ៌ពេញលេញ ហើយ​វា​ក៏អាច​អាន​ការបញ្ចូល​ទិន្នន័យ​​ដោយ​សរសេរ​នឹងដៃ​ផងដែរ។ ដោយសារតែ​ក្រដាស់​អេឡិចត្រូនិច​​​អាចជួយ​សន្សំ​ថាមពល​​និង​ក្រដាស់ ក្រុមហ៊ុន​ប៊្រីជស្តូន​​សង្ឃឹមថា​​អ៊ែរ៉ូប៊ី​​នឹង​ត្រូវបាន​គេ​​ប្រើ​ច្រើន​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម។

«ជាពិសេស អ៊ែរ៉ូប៊ី​​អាចប្រើ​សំរាប់​ជា​ក្រដាស់​សួរអង្កេត ដោយ​ប្រើ​មុខងារ​សរសេរ​ដោយ​ប៊ិច។ តាមពិត​ទៅ យើងខ្ញុំ​កំពុងតែ​ធ្វើ​សំនួរ​អង្កេត​នៅទីនេះ ដោយប្រើ​ឧបករណ៍នេះ និង​រក្សាទុក​លទ្ធផល​​ទៅក្នុង​មូលដ្ឋាន​​ទិន្នន័យ(database)។ អ៊ែរ៉ូប៊ី​​ក៏អាចប្រើ​បាន​ក្នុងគោលដៅ​ផ្សេងទៀត ដូចជា​ការជជែក​ជា​ឌីជីថល​​ក្នុង​ពេល​ត្រួតពិនិត្យ​សុខភាព និង​ធ្វើជា​សៀវភៅ​សិក្សា​ឌីជីថល​​នៅតាម​សាលារៀន​ជាដើម។»

ក្រៅពី​ទំហំA4 យើង​ក៏មាន​ទំហំ​ផ្សេងទៀត​​សំរាប់អោយ​អតិថិជន​រើស​យក​ទំហំដែល​សមស្រប​តាម​តំរូវការរបស់​ពួកគេ។ អ៊ែរ៉ូប៊ី​មាន​លក្ខណៈ​ទន់អាចពត់​បាន និងអាច​បិតភ្ជាប់​ទៅនឹង​ផ្ទែកោង​ផងដែរ។

—————————————————————————–

ប្រភព៖ http://www.diginfo.tv/2011/04/15/11-0077-r-en.php

—————————————————————————–

ពន្យល់បន្ថែម៖

*ក្រដាស់​​អេឡិចត្រូនិច​ជាអ្វី? ក្រដាស់​អេឡិចត្រូនិច​​ជាអេក្រង់​មួយប្រភេទ​ទៀត។ ធម្មតា​អេក្រង់​ដែលមាន​ប្រើ​លើ​ទូរទស្សន៍ ទូរស័ព្ទ និង​គ្រឿងអេឡិចត្រូនិច​ទូទៅ​នាពេល​​បច្ចុប្បន្ន​ចែកចេញជា​៣ប្រភេទ​គឺ គ្រីស្តាល់រាវ ផ្លាស់ម៉ា និង ELសរីរាង្គ (តាមពិតនៅមានមួយទៀតដែលគេសឹងតែឈប់ប្រើហើយគឺបំពង់បាច់កាតូដ)។ ក្រដាស់​អេឡិចត្រូនិច​​ជា​ប្រភេទទី៤ ដែលមិន​ទាន់សូវ​និយម​ប្រើ ព្រោះ​ការកែច្នៃវា​មកធ្វើជា​ផលិតផល​​សំរាប់ប្រើបាន​ជាក់ស្ដែង​​ដែលធ្វើអោយ​គេចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការអភិវឌ្ឍន៍​វា។ ក៏ប៉ុន្តែ នាពេល​ថ្មីៗនេះ ក្រដាស់​អេឡិចត្រូនិច​បាននិង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះវា​ស្រាល ស្ដើង ស៊ីថាមពលតិច និង​អាច​បត់បែនបាន។ វាខុសពី​អេក្រង់​ប្រភេទ​៣មុន​មួយចំនុច​ទៀតត្រង់ថា វាមិនរលប់ទេ​ពេលគេបិទភ្លើង​វាក៏ដោយ។ ហេតុនេះ​ទើបគេហៅវាថា «ក្រដាស់»។

*ពិពណ៌ហ្វាញថិចជប៉ុន៖ ជាពិពណ៌​ពាណិជ្ជកម្ម​ខាងអេក្រង់​ស្ដើង ធំជាងគេ​លើពិភពលោក។ ពិពណ៌​នេះរៀបចំ​ឡើង​ជារៀងរាល់ឆ្នាំ​នៅខែមេសានៅ តូក្យូប៊ីកសៃថ៍ ទីក្រុងតូក្យូប្រទេសជប៉ុន។

*ក្រុមហ៊ុនប៊្រីជស្តូន៖ ពិតណាស់​គឺក្រុមហ៊ុន​ដែលល្បីខាង​ផលិត​កង់ឡាន​និង​កង់យន្ដហោះ​គុណភាពខ្ពស់​លំដាប់អន្តរជាតិនោះឯង។ នាពេលថ្មីៗ​នេះ ក្រុមហ៊ុននេះ​ក៏ចាប់ប្រលូក​ចូលក្នុង​វិស័យអេឡិចត្រូនិច​ សំភារៈកីឡា និងវត្ថុធាតុដើម​សំណង់​ផងដែរ។ ក្រុមហ៊ុន​មានលុយច្រើន ចង់រកស៊ី​អ្វីក៏បានដែរ។

*E Ink៖ ដំបូងជា​ក្រុមហ៊ុនវិនឈើ​របស់​អាមេរិច ដែលកើតពី​បន្ទប់ពិសោធន៍​មេឌារបស់​MIT ​(វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសាឈូសេត–សាលា​បច្ចេកវិទ្យា​លំដាប់លេខ១​លើពិភពលោក) កើតឆ្នាំ​១៩៩៧។  ក្រោយមក​នៅឆ្នាំ២០០៩ ក្រុមហ៊ុននេះ​ត្រូវ​ក្រុមហ៊ុន​កាន់ហ៊ុន​របស់​​តៃវ៉ាន់​ទិញយក។ E Ink ជាក្រុមហ៊ុន​ជំនាញខាង​អេក្រង់ និង​ជាពិសេស​​ជាក្រុមហ៊ុន​ឈានមុខគេ​ក្នុងវិស័យ​ក្រដាស់​អេឡិចត្រូនិចនេះ។

*តង់ស្យុង (Voltage)៖ ជាបរិមាណ​ថាមពល​ក្នុងមួយឯកតា​បន្ទុកអគ្គីសនី។ ភ្លើងអគ្គីសនី​នៅស្រុកខ្មែរ​​សព្វថ្ងៃ​ប្រើតង់ស្យុង​ឆ្លាស់ ២២០វ៉ុល។ ថ្មពិល​អាល់កាឡាំង​​មានតង់ស្យុង​ប្រហែល១,៥វ៉ុល។

*អេឡិចត្រូត (Electrode)៖ បន្ទះលោហៈ​ឬសសៃលោហៈ​​ដែលភ្ជាប់នៅនឹង​ប៉ូលអគ្គីសនី។

*ក្រុមហ៊ុនធ្វើ​សមាហរនកម្ម​ប្រព័ន្ធ (System Integrator)៖ ជាក្រុមហ៊ុន​ដែលមាន​ជំនាញ​ខាង​​ប្រមូលផ្ដុំប្រព័ន្ធរង​ច្រើន មករួមគ្នា​ជាប្រព័ន្ធធំ​មួយ ដោយធ្វើអោយ​ប្រព័ន្ធរង​នីមួយៗ​ដំណើរការ​ជាមួយគ្នា​បានយ៉ាងល្អ។

One Response to ក្រដាស់អេឡិចត្រូនិចអ៊ែរ៉ូប៊ីរបស់ក្រុមហ៊ុនប៊្រីជស្តូន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.