ស្ទីវ ចប៖ សុន្ទរកថាដែលគួរចងចាំ

នេះជា​សុន្ទរកថា​របស់​លោកស្ទីវចប (Steve Jobs) ស្ថាបនិក​ក្រុមហ៊ុនអេបផល ដែលបានធ្វើឡើង​​នៅក្នុង​ពិធីចែក​សញ្ញាប័ត្រ​នៅសាកលវិទ្យាល័យស្ទែនហ្វដ កាលពីឆ្នាំ​២០០៥។ សុន្ទរកថានេះ​​ទទួលបាន​ចំណាប់អារម្មណ៍​​ពីមនុស្ស​ទូទាំងពិភពលោក​​ម្ដងទៀត ក្រោយពេលដែល​​លោក​ស្ទីវចប​​បានទទួលមរណភាព​កាលពីសប្ដាហ៍មុន។ ខាងក្រោមនេះ​ជាវីដេអូ និង​ខ្លឹមសារ​បកប្រែ​​ជា​ភាសាខ្មែរ​ក្រៅផ្លូវការ​របស់ខ្ញុំ។

១. សេចក្ដីផ្តើម

សូមអរគុណ។ ថ្ងៃនេះ​​ខ្ញុំមាន​កិត្តិយស​ខ្លាំងណាស់​ដែលបាន​ចូល​រួមក្នុង​​ពិធីបញ្ចប់ការសិក្សា​​ពីសាកលវិទ្យាល័យ​​ដ៏ឆ្នើមមួយ​លើលោក របស់អ្នកទាំងអស់​គ្នា។ ខ្លួនខ្ញុំផ្ទាល់​​មិនធ្លាប់​បញ្ចប់ការសិក្សា​ពី​មហាវិទ្យាល័យទេ។ តាមពិតទៅ នេះជាឱកាស​តែមួយគត់​​ដែលខ្ញុំ​បាន​នៅក្បែរ​ពិធីបញ្ចប់ការសិក្សា​បំផុត។ ថ្ងៃនេះ ខ្ញុំចង់ប្រាប់​អ្នកទាំងអស់គ្នា​នូវរឿងរ៉ា​វ​ចំនួន៣​អំពីជីវិតខ្ញុំ។ តែប៉ុណ្ណឹងទេ។ គ្មានអ្វីអស្ចារ្យទេ។ គ្រាន់តែរឿង៣ប៉ុណ្ណោះ។
​​​​​​
២. អំពីការតភ្ជាប់ចំនុច(1)
​​​​​​
រឿងទីមួយ គឺនិយាយពី​ការតភ្ជាប់ចំនុច។  បន្ទាប់ពី​ចូលរៀននៅ​សាកលវិទ្យាល័យរីដ​បាន៦ខែ​ខ្ញុំបានព្យួរការសិក្សា។ ប៉ុន្តែ​ខ្ញុំនៅទៅរៀន​រយៈពេល១៨​ខែទៀត​ មុនពេលដែល​ខ្ញុំរត់ចោលសាលា​ពិតប្រាកដ។ តើហេតុអ្វី​បានជាខ្ញុំ​ព្យួរការសិក្សា?
ដើមហេតុ គឺគួររំលឹក​​តាំងពីពេល​ខ្ញុំមិនទាន់កើត។ ម្ដាយបង្កើត​របស់ខ្ញុំ​ជានិស្សិត​អនុបណ្ឌិត វ័យក្មេង និងមិនបាន​រៀបការ។ ហេតុនេះ​គាត់បានសំរេចចិត្ត​ដាក់ខ្ញុំអោយ​ក្លាយជា​កូន​ចិញ្ចឹម​របស់គេ។ គាត់ប្រាថ្នាអោយ​អ្នកដែលទទួល​ខ្ញុំ​ចិញ្ចឹម គួរតែជា​អ្នកដែល​បញ្ចប់​ការសិក្សាពី​មហាវិទ្យាល័យ ហេតុនេះ​គាត់បានរៀបចំអោយ​​ប្ដីប្រពន្ធមេធាវី​មួយគូ​​ទទួលយក​ខ្ញុំទៅចិញ្ចឹម​ ពេលដែល​ខ្ញុំកើត​មកភ្លាមៗ។ តែពេលដែល​ខ្ញុំ​កើតចេញមក ពួកគេ​បានសំរេចចិត្ត​​ជាចុងក្រោយថា ពួកគេ​ចង់បាននោះ​គឺកូនស្រី។ ហេតុនេះ​ឪពុកម្ដាយ​​(ចិញ្ចឹម)​របស់ខ្ញុំ ដែលមាន​ឈ្មោះក្នុង​បញ្ជីរង់ចាំ បានទទួល​ទូរស័ព្ទមួយ​ទាំងកណ្ដាល​អាធ្រាត ដែលសួរថា «យើងមាន​កូនង៉ែតប្រុស ដែលយើង​មិនបាន​រំពឹងទុក តើអ្នកត្រូវការ​វាទេ?» ពួកគាត់ឆ្លើយ​ភ្លាមថា «ចង់បាន»។ ម្ដាយបង្កើត​របស់ខ្ញុំ ក្រោយមកបាន​ដឹងថា ម្ដាយរបស់ខ្ញុំ​មិនធ្លាប់ដែល​រៀនចប់​ថ្នាក់បរិញ្ញាប័ត្រ ហើយឪពុក​របស់ខ្ញុំ​ក៏មិនដែល​បានរៀនចប់​វិទ្យាល័យ។ គាត់បានបដិសេធ​​មិនព្រម​ស៊ីញ៉េ​​លើកិច្ចព្រមព្រៀង​ប្រគល់កូន​អោយចិញ្ចឹម។ ប៉ុន្មានខែ​ក្រោយមក គាត់ក៏បាន​ប្ដូរចិត្តវិញ ពេលដែល​ឪពុកម្ដាយ​​របស់ខ្ញុំ​​បានសន្យាថា​នឹងបញ្ជូន​ខ្ញុំទៅ​មហាវិទ្យាល័យ​។ នេះជា​ចំនុចចាប់ផ្ដើម​​របស់ជីវិតខ្ញុំ។
១៧ឆ្នាំក្រោយ ខ្ញុំបានចូលរៀន​ថ្នាក់បរិញ្ញា។ ប៉ុន្តែ ខ្ញុំបានជ្រើសរើស​​សាកលវិទ្យាល័យ​ដ៏ថ្លៃប្រហែល​ស្ទែនហ្វដ ដោយមិនបាន​គិតគូរ​អោយបាន​ដឹតដល់។ ឪពុកម្ដាយ​ខ្ញុំដែលស្ថិតក្នុង​វណ្ណៈពលករ បានចំណាយ​ប្រាក់សន្សំ​ទាំងអស់​​សំរាប់បង់ថ្លៃសាលា​​អោយខ្ញុំ។ បន្ទាប់ពី​នៅទីនោះ​៦ខែ ខ្ញុំមិនអាច​មើលឃើញ​តំលៃអ្វី​ពីទីនោះទេ។ ខ្ញុំមិនដឹងពី​អ្វីដែលខ្លួនចង់ធ្វើ​​នៅក្នុងជីវិត ហើយក៏មិនដឹងថា​តើ​សាកលវិទ្យាល័យ​​អាចនឹងជួយ​ខ្ញុំរកឃើញ​អ្វីដែលខ្ញុំចង់ធ្វើ​​ដោយរបៀបណា។ អញ្ចឹងហើយ ខ្ញុំនៅតែ​ចំណាយ​ប្រាក់សន្សំ​​​ក្នុងមួយជីវិត​របស់​ឪពុកម្ដាយខ្ញុំ​ទៅលើវា។ ហេតុនេះ​ខ្ញុំបាន​សំរេចចិត្ត​ព្យួរការសិក្សា និងជឿថា​​លទ្ធផល​ចុងក្រោយ​​នឹងមិនអីទេ។ វាជារឿង​គួរអោយ​ខ្លាច​ណាស់​នាពេលនោះ ប៉ុន្តែ​បើ​ងាកមើល​​ទៅពេលនោះវិញ វាជា​ការសំរេចចិត្ត​​ដ៏ត្រឹមត្រូវបំផុត​មួយ​របស់ខ្ញុំ។ ចាប់ពីនាទី​ដែលខ្ញុំ​ផ្អាកការសិក្សា ខ្ញុំអាចឈប់​ទៅរៀន​មុខវិជ្ជាណា​ដែលខ្ញុំ​មិនចាប់អារម្មណ៍ និង​ចាប់ផ្ដើម​ដើររៀន​​មុខវិជ្ជាណា​​ដែលមើលទៅ​គួរចាប់អារម្មណ៍។
អ្វីៗ​មិនមែនឡូយ​ទាំងអស់នោះទេ។ ខ្ញុំគ្មាន​បន្ទប់ក្នុង​អន្តេរវិសិកដ្ឋាន ហេតុនេះ​ខ្ញុំត្រូវគេងលើ​កំរាល​ឥដ្ឋ​ក្នុង​បន្ទប់មិត្តភក្ដិ។ ខ្ញុំយក​ដបខូក​ទៅហាង​ដូរយក​ប្រាក់តំកល់​៥សេន​មកវិញ ដើម្បី​បានលុយ​ទិញម្ហូប។ ហើយខ្ញុំ​​ធ្លាប់ដើរ​៧ម៉ៃល៍កាត់ក្រុង រាល់យប់ថ្ងៃអាទិត្យ ដើម្បីទៅហូប​អាហារ​សមរម្យនៅ​​ព្រះវិហារហរិគ្រិស្នា។ ខ្ញុំចូលចិត្ត​ធ្វើបែបនេះ។ ហើយអ្វីដែលខ្ញុំធ្វើ​ដោយ​ស្ដាប់តាម ភាពចង់ដឹងចង់លឺ និងញាណ បានក្លាយជា​របស់ដ៏មានតំលៃ​មិនអាចកាត់ថ្លៃបាន​​នាពេលក្រោយមក​​ក្នុងជីវិតខ្ញុំ។ អនុញ្ញាតអោយ​ខ្ញុំលើកឧទាហរណ៍មួយ។
​​
សាកលវិទ្យាល័យរីដ​​នាពេលនោះ ប្រហែលជា​កន្លែង​ផ្ដល់នូវ​ការបង្រៀន​អក្សរផ្ចង់​​ល្អលើសគេ​​នៅក្នុងប្រទេស។ នៅលើ​ប័ណ្ឌផ្សព្វផ្យាយ​នៅ​ទូទាំង​សាលា និងនៅលើផ្លាក​បិតថតទុក អក្សរទាំងឡាយ​ត្រូវបានសរសេរ​​ដោយដៃ​យ៉ាងស្អាត។ ដោយសារ​តែខ្ញុំបាន​​ព្យូរការសិក្សា​ហើយ​ខ្ញុំមិនចាំបាច់​ត្រូវទៅរៀន​​មុខវិជ្ជាធម្មតា ខ្ញុំបានសំរេចចិត្ត​​រៀនមុខវិជ្ជា​​អក្សរផ្ចង់ ដើម្បីមើលថា​តែគេសរសេរ​វាយ៉ាងម៉េច។ ខ្ញុំបានរៀន​អំ​ពីប្រភេទអក្សរ​ សេរីប​​(មានកន្ទុយ)​​និងសង់សេរីប(គ្មានកន្ទុយ) អំពីបំរែបំរួល​​ទំហំចន្លោះ​រវាងបន្សំ​អក្សរ​ផ្សេងៗគ្នា និងអំពី​អ្វីដែល​ធ្វើអោយ​​ហ្វុនអក្សរ​​ដ៏ស្រស់ស្អាត​អោយកាន់តែ​ស្រស់ស្អាត​ថែមទៀត។ វាស្អាតណាស់ វាមានលក្ខណៈ​ប្រវត្តិសាស្ត្រ​​និង មានភាពលំអិត​តាមបែបសិល្បៈ ដែលវិទ្យាសាស្ត្រ​មិនអាច​ក្ដោបក្រសោប​​បាន ហើយខ្ញុំ​បាន​ដឹងថា​​វាស្អាត​អស្ចារ្យ​ណាស់។
ក្នុងចំនោម​​ចំនេះដឹង​ទាំងនេះ គ្មានអ្វី​​ដែលអាច​សង្ឃឹម​ថា​នឹង​អាចយកទៅ​អនុវត្តផ្ទាល់​​ក្នុងជីវិត​របស់ខ្ញុំទេ។ ប៉ុន្តែ​ដប់ឆ្នាំក្រោយ ពេលដែល​យើង​កំពុង​ឌីហ្សាញ​កុំព្យូទ័រ​ម៉ាឃីនថូស​ជំនាន់ដំបូងគេ ចំនេះដឹង​ទាំងនោះ​​បានរស់ជាថ្មី​ឡើងវិញ​នៅក្នុង​ខ្លួនខ្ញុំ។ ហើយ​យើងបាន​ឌីហ្សាញ​​វាចូលទៅក្នុង​ម៉ាក់។ វាជា​កុំព្យូទ័រទីមួយ​​ដែលមាន​ហ្វុនអក្សរ​​ស្រស់ស្អាត។ បើសិនជា​​ខ្ញុំមិនបានទៅ​ចូលរៀន​​មុខវិជ្ជា​​អក្សរផ្ចង់នោះទេ ម៉ាក់​ក៏មិនអាច​មាន​ហ្វុនច្រើន​​​និងហ្វុនដែល​មានចន្លោះ​ពីគ្នា​បាន​សមយ៉ាងល្អ​ឥតខ្ចោះ​នោះដែរ។ ហើយដោយហេតុថា​​វីនដូស៍​ចេះត្រឹមតែ​ចំលង​ពីម៉ាក់ ប្រហែលជាគ្មាន​កុំព្យូទ័រលើលោក​ណា​មាន​​ហ្វុនស្អាតបែបនោះ​ផងក៏មិនដឹង។ បើសិនជាខ្ញុំ​​មិនបាន​ព្យួរការសិក្សា  ហើយមិនបាន​ដើរទៅរៀនថ្នាក់​អក្សរផ្ចង់​នោះទេ កុំព្យូទ័រ​​ក៏ប្រហែលជា​មិនអាចមាន​ហ្វុនអក្សរ​ដ៏ស្រស់​អស្ចារ្យ​ដូច​សព្វថ្ងៃបានដែរ។ ពិតមែនហើយ ខ្ញុំមិនអាច​តភ្ជាប់ចំនុច ដោយមើល​ទៅមុខពេល​​ដែលខ្ញុំនៅ​ជានិស្សិតទេ។ ប៉ុន្តែ​​វាច្បាស់ណាស់​ថា ខ្ញុំបាន​តភ្ជាប់វា​ពេលក្រលេកមើល​ថយក្រោយ​​នៅ១០ឆ្នាំក្រោយ។
ខ្ញុំសូម​និយាយ​ម្ដងទៀត។ អ្នកមិនអាច​តភ្ជាប់ចំនុច​​ដែលនៅខាងមុខ​បានទេ។ អ្នកភ្ជាប់វា​បានតែពេល​ក្រលេកមើល​ថយក្រោយ​ប៉ុណ្ណោះ។ ហេតុនេះ​​អ្នកត្រូវតែ​​ជឿថាចំនុច​ទាំងនោះ​នឹងតភ្ជាប់គ្នា​​នាពេលអនាគត ក្នុងរូបភាព​ណាមួយ។ អ្នកត្រូវតែជឿ​លើអ្វីមួយ៖ វីរភាព វាសនា សង្ខារ កម្មផល ស្អីក៏បានដែរ។ ការជឿថា​​ចំនុចទាំងនោះ​​នឹងតភ្ជាប់គ្នា​នៅលើ​ផ្លូវជីវីត​ដែលអ្នកដើរ នឹងធ្វើអោយ​អ្នក​​មានទំនុកចិត្ត​លើខ្លួនឯង អោយអ្នកធ្វើតាម​អ្វីដែល​បេះដូង​អ្នកប្រាថ្នា។ ទោះបីជា​វា​នឹងនាំ​អ្នកចេញពី​ផ្លូវក្រាលកៅស៊ូ​ស្រួលដើរ​ដែលអ្នកដទៃ​ដើរក៏ដោយ។ ការជឿបែបនោះ​​នឹងជួយធ្វើអោយ​អ្វីៗផ្លាស់ប្ដូរ។
​​​​​
៣. អំពីក្ដីស្រលាញ់​និងការបរាជ័យ
រឿងទីពីរ​​របស់ខ្ញុំ​គឺនិយាយអំពី​​ក្ដីស្រលាញ់​​និង​ការបរាជ័យ។ ខ្ញុំមានសំណាង​​ណាស់ ដែលបានរកឃើញ​អ្វីដែលខ្ញុំ​​ចូលចិត្ត​ធ្វើ​តាំងពីយុវវ័យ។ Woz និង ខ្ញុំ​បានបើក​ក្រុមហ៊ុនអេបផល​​នៅក្នុង​រោងឡាន​របស់​ឪពុកម្ដាយខ្ញុំ ពេលខ្ញុំ​មានអាយុ​២០ឆ្នាំ។ ពួកយើង​ប្រឹងប្រែង​ធ្វើការណាស់ ហើយក្នុង​រយៈពេលតែ​​១០ឆ្នាំ អេបផល​​បានរីកធំធាត់​​ពីបុគ្គលិក​តែ២នាក់​​នៅក្នុងរោងឡាន ក្លាយជា​ក្រុមហ៊ុន​មានតំលៃ​២០០០លានដុល្លារ​​និងមាន​បុគ្គលិកជាង​៤០០០នាក់។ មួយឆ្នាំមុននោះ យើងបាន​ចេញលក់​​ផលិតផល​ដ៏ឆ្នើម​​ជាងគេ​របស់យើង គឺ​ម៉ាស៊ីនម៉ាឃីនថូស ហើយពេលនោះ​ខ្ញុំទើបមាន​អាយុ៣០ឆ្នាំទេ។ បន្ទាប់មក​​ខ្ញុំត្រូវគេ​បណ្ដេញចេញ​​ពីការងារ។ ដែរមានដែរ អ្នក​ដែលត្រូវ​គេបណ្ដេញ​ចេញ​ពីក្រុមហ៊ុន​​ដែលខ្លួនឯង​បង្កើត? តាមពិតគឺអញ្ចេះទេ។ ពេលដែល​អេបផល​រីកធំ យើងបាន​ជួល​បុគ្គលម្នាក់​​ដែលខ្ញុំគិតថា​មានសមត្ថភាព​គ្រប់គ្រង​​ក្រុមហ៊ុន​ជាមួយខ្ញុំ ហើយអ្វីៗ​ដំណើរការ​​បានល្អណាស់​​នៅឆ្នាំដំបូង។ ប៉ុន្តែ​ក្រោយមក​ ទស្សនៈវិស័យ​​ពីអនាគត​របស់យើង​​បានឃ្លាតឆ្ងាយ​ពីគ្នា ហើយយើង​ក៏បាន​បែកបាក់គ្នា​​នៅទីបំផុត។ ពេលយើង​​សំរេចចិត្ត​បែកគ្នា គណកម្មការនាយក​របស់ក្រុមហ៊ុន​បានឈរនៅ​ខាងគេ។ ហើយខ្ញុំ​ក៏ត្រូវគេ​ដេញចេញ​​នៅអាយុ៣០។ ត្រូវគេ​ដេញចេញ​យ៉ាងចំហ។ អ្វីដែល​ខ្ញុំបាន​បូជា​ឆាកជីវិត​​ពេញវ័យ​ខ្ញុំទៅលើនោះ បានរលាយ​បាត់ទៅ។ វាជាការបាត់បង់​ដ៏ធំធេង។
រយៈពេល​ប៉ុន្មានខែ​​ដែលខ្ញុំពិតជា​មិនដឹងថា​គួរធ្វើអ្វីល្អ។ ខ្ញុំមានអារម្មណ៍​​ដូចធ្វើអោយ​​សហគ្រិនជំនាន់​មុនៗ​ខកចិត្ត។ ខ្ញុំមានអារម្មណ៍​ដូចធ្វើ​ជ្រុះ​ដំបង​​​ដែលគេហុចអោយ​​ពេលប្រកួត​​រត់បណ្ដាក់​អញ្ចឹង។ ខ្ញុំបាន​​ជួបជាមួយ David Packard និង Bob Noyce ដើម្បី​សុំទោស​ដែលបាន​​ធ្វើអោយ​អ្វីៗ​ដើរ​មិនបានល្អ។ ខ្ញុំជា​ជនបរាជ័យ​ក្នុងសង្គម ហើយខ្ញុំ​ថែមទាំង​គិត​ចង់​រត់ចេញ​ពី​ជ្រលងស៊ីលីខន់(2)  ទៀតផង។ ប៉ុន្ទែ​​មានពន្លឺអ្វីមួយ ដែលចាប់ផ្ដើម​រះនៅក្នុង​ចិត្តខ្ញុំ។ គឺ ខ្ញុំនៅស្រលាញ់​អ្វីដែលខ្ញុំបានធ្វើ។ រឿងរ៉ាវ​ដែលបាន​កើតឡើង​នៅក្រុមហ៊ុនអេបផល​​​មិនបានធ្វើអោយ​ក្ដីស្រលាញ់នោះ​​ផ្លាស់ប្ដូរ​សូម្បីតែបន្តិច។ ខ្ញុំត្រូវ​គេ​ច្រានចោល​មែន តែខ្ញុំនៅតែ​​ស្រលាញ់វា។ ហេតុនេះ​ខ្ញុំក៏សំរេច​ចិត្ត​ចាប់ផ្ដើម​សារជាថ្មី​ម្ដងទៀត។
ពេលនោះ​ខ្ញុំមិនដឹងសោះ ប៉ុន្តែក្រោយមក​ទើបខ្ញុំដឹងថា​ការត្រូវគេដេញចេញពី​ក្រុមហ៊ុនអេបផល​​ជា​បទពិសោធន៍​​ដ៏ល្អបំផុត​មួយ​ដែលធ្លាប់កើត​មានលើខ្លួនខ្ញុំ។ សំពាធ​ដ៏ធ្ងន់​របស់​ជ័យជំនះ បានជំនួស​ដោយភាពធូរស្រាលចិត្ត​​ពេលក្លាយជា​អ្នកទើបចាប់ផ្ដើម​វិញ និង​មិនសូវច្បាស់​លើអ្វីៗ​ទាំងអស់។ ខ្ញុំមាន​សេរីភាព​​នឹងបោះជំហាន​​ចូលក្នុង​រយៈកាល​ប្រកបដោយ​​គំនិតច្នៃប្រឌិត​​មួយក្នុង​ជីវិត។

ក្នងរយៈពេល​៥ឆ្នាំបន្ទាប់ ខ្ញុំបានបើក​ក្រុមហ៊ុន NeXT និង ក្រុមហ៊ុន Pixar ហើយមាន​ស្នេហាជាមួយ​នារីដ៏អស្ចារ្យម្នាក់​​ដែលជាភរិយា​របស់ខ្ញុំ​នៅពេលនេះ។ ក្រុមហ៊ុន Pixar បានក្លាយជា​ក្រុមហ៊ុន​ដំបូងគេ​​លើលោក​ដែល​ផលិតភាពយន្ត​ជីវចល​ដោយប្រើ​​កុំព្យូទ័រ គឺរឿងToy Story ហើយសព្វថ្ងៃ​​វាជា​ក្រុនហ៊ុនជីវចល​ដែលបាន​ទទួល​ជោគជ័យ​ជាងគេ​​លើលោក។ ព្រឹត្តការណ៍​ដ៏គួរកត់សំគាល់​មួយកើតឡើង។ អេបផល​​បានទិញយក NeXT ហើយខ្ញុំ​បានត្រលប់​ទៅកាន់អេបផល​វិញ ហើយ​បច្ចេកវិទ្យា​ដែលយើងបាន​​អភិវឌ្ឍ​បាននៅ NeXT បានក្លាយជា​គោលគ្រឹះ​​សំរាប់ស្ដារ​អេបផលបច្ចុប្បន្ន​​អោយរស់​ឡើងវិញ។ លើសពី​នេះទៅទៀត Laurene និងខ្ញុំ​បានកសាង​គ្រួសារ​ដ៏ពិសេសមួយ​ជាមួយគ្នា។

ខ្ញុំអាច​និយាយបាន​ប្រាកដណាស់ថា​​អ្វីៗ​ទាំងអស់នេះ​​នឹងមិន​កើតឡើងទេ ប្រសិនបើ​ខ្ញុំមិនត្រូវបាន​គេដេញចេញពី​ក្រុមហ៊ុនអេបផល។ វាជាថ្នាំ​ដ៏ល្វីងជូរចត់ ប៉ុន្តែ​ខ្ញុំគិតថា​​អ្នកជំងឺ​ត្រូវការវា។ ជួនកាល​​ក្នុងឆាកជីវិត​យើង យើងត្រូវគេ​វ៉ៃក្បាល​នឹងដុំឥដ្ឋ។ ប៉ុន្តែ​សូមកុំ​អស់ជំនឿចិត្ត។ ខ្ញុំជឿថា​​របស់តែមួយគត់​​ដែលជួយជំរុញ​ខ្ញុំអោយបន្ត​ធ្វើការ​​ដល់សព្វថ្ងៃ គឺទឹកចិត្ត​ស្រលាញ់​របស់ខ្ញុំ​​ចំពោះអ្វី​ដែលខ្ញុំធ្វើ។ អ្នកត្រូវតែ​រកអោយឃើញ​នូវអ្វីដែល​អ្នកស្រលាញ់​ចូលចិត្ត​នឹងធ្វើ ទាំងក្នុង​ជីវិតការងារ​​និង​ជីវិតស្នេហា។ ការងារ​​នឹងគ្របដណ្ដប់​លើផ្នែក​មួយភាគធំ​នៃជីវិត​របស់អ្នក ហើយវិធី​ដែលធ្វើអោយ​អ្នកស្កប់ស្កល់​ចិត្តនោះ គឺត្រូវធ្វើ​ការងារណា​ដែលអ្នកជឿថា​​ជាការងារ​អស្ចារ្យ។ ហើយវិធី​តែមួយគត់​​ក្នុងការ​ធ្វើការងារអស្ចារ្យ គឺអ្នក​ត្រូវតែ​ស្រលាញ់​អ្វីដែល​អ្នកធ្វើ។ បើអ្នក​មិនទាន់​រកឃើញ​វាទេ ចូរបន្ត​ស្វែងរក​ទៀតទៅ។ កុំនៅស្ងៀម។ ដោយសារ​វាជារឿង​បេះដូង អ្នកនឹង​ដឹងដោយខ្លួនឯង​​ពេលដែល​អ្នករកវាឃើញ។ ក៏ដូចជា​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស វានឹង​រីកលូតលាស់​​ទៅតាម​ពេលវេលា។ ហេតុនេះ​សូមបន្តស្វែងរក​ទាល់តែឃើញ។ កុំនៅស្ងៀម​អោយសោះ។

៤. អំពីការស្លាប់

រឿងទីបី​របស់ខ្ញុំ​គឺនិយាយ​អំពីមរណភាព។ ពេលខ្ញុំ​មានអាយុ​១៧ឆ្នាំ ខ្ញុំបាន​អាននូវពាក្យពេជន៍​មួយថា «បើសិនជាអ្នក​រស់ជីវិត​មួយថ្ងៃ​មួយថ្ងៃ ដោយចាត់​ទុកថ្ងៃនោះ​ជាថ្ងៃចុងក្រោយ​របស់អ្នក នោះនៅពេល​ណាមួយ​អ្នកនឹងប្រាកដ​ជារស់បាន​ត្រឹមត្រូវ»។ ពាក្យនេះ​ដក់ជាប់​នៅក្នុង​ខួរក្បាលខ្ញុំ ហើយចាប់ពី​ពេលនោះ​​ក្នុងរយៈពេល​​៣៣ឆ្នាំមកនេះ រាល់ព្រឹក​ខ្ញុំតែងសំលឹង​រូបខ្លួនឯង​នៅក្នុងកញ្ចក់ ហើយសួរ​ខ្លួនឯងថា «បើសិន​ថ្ងៃនេះជាថ្ងៃ​ចុងក្រោយ​របស់ខ្ញុំ តើខ្ញុំ​ពិតចង់ធ្វើអ្វី​ដែលខ្ញុំមានគំរោងនឹង​ធ្វើនៅថ្ងៃនេះ​ដែរឬទេ?» ហើយនៅពេល​ដែលចំលើយ​ចេញមកថា «ទេ» ជាប់ៗគ្នា​ជាច្រើនថ្ងៃ ពេលនោះ​ខ្ញុំដឹងថា​​ខ្ញុំគួរតែផ្លាស់ប្ដូរ​អ្វីម្យ៉ាង។

សូមចាំថា ការគិតថា​ខ្លួនឯងនឹង​ស្លាប់នាពេល​ឆាប់ៗ ជាវិធី​ដ៏មានប្រសិទ្ធភាព​បំផុតមួយ ដែលជួយខ្ញុំ​អោយធ្វើ​ការសំរេចចិត្ត​​ធំៗ​ក្នុងជីវិត។ ព្រោះអ្វីៗ​ទាំងអស់ ទាំងការរំពឹង​ពីអ្នកដទៃ ទាំងមោទនភាព ទាំងការភ័យខ្លាច​ចំពោះក្ដីអាម៉ាស់​ពេល​បរាជ័យ អ្វីៗទាំងអស់នេះ​នឹងរលាយ​បាត់​​ពេលដែល​ប្រឈមមុខ​នឹងការស្លាប់។ អ្វីដែល​នៅសល់​ជាអ្វីដែល​សំខាន់សំរាប់​យើងពិត​ប្រាកដ។ ចាំថា ការគិតថា​ខ្លួនឯង​នឹងស្លាប់​ជាវិធីល្អបំផុត ដែលជួយ​អ្នកអោយ​រួចពី​អន្ទាក់គំនិត​ដែល​អ្នកតែងគិតថា​អ្នកមានអ្វី​ដែលត្រូវបាត់បង់។ អ្នកកើត​មកគ្មានអ្វីយក​មកតាមទេ ហើយក៏គ្មាន​អ្វីដែល​ត្រូវបាត់បង់ដែរ។ គ្មានមូលហេតុអ្វី​ដែលអ្នករស់នៅ​ដោយមិនស្ដាប់​​តាមអ្វីដែល​បេះដូងអ្នក​ចង់បានទេ។

មួយឆ្នាំមុន គ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺមហារីក។ ខ្ញុំអោយគេថតឆ្លុះនៅម៉ោង៧កន្លះព្រឹក ហើយរូបភាពបង្ហាញ​យ៉ាងច្បាស់នូវ​ដុំសាច់​ដុះលើលំពែង​របស់ខ្ញុំ។ ខ្ញុំមិនទាំងដឹងថាលំពែងនោះជាស្អីផង។ គ្រូពេទ្យបានប្រាប់ខ្ញុំថា​នេះជាប្រភេទជំងឺ​មហារីក​ដែល​សឹងតែគ្មានសង្ឃឹម​ថាអាចព្យាបាលបាន ហើយថាខ្ញុំអាចរស់បាន​តែ៣ទៅ៦ខែទៀតទេ។ គ្រូពេទ្យបានប្រាប់ខ្ញុំ​អោយត្រលប់ទៅផ្ទះ​រៀបចំ​ដោះស្រាយអ្វីៗ​អោយហើយ។ នេះជាពាក្យសំងាត់របស់ពេទ្យដែលមានន័យអោយរៀបចំ​អ្វីៗទាំងអស់មុននឹងស្លាប់។ វាមានន័យថា​អ្នកត្រូវប្រាប់អ្វីៗទាំងអស់​ដែលអ្នកគ្រោងនឹងប្រាប់ទៅកូនចៅរបស់អ្នកក្នុងរយៈពេល១០ឆ្នាំទៅមុខនោះ អោយចប់ត្រឹមរយៈពេល​តែប៉ុន្មានខែនេះអោយហើយ។ វាមានន័យថា​បញ្ចប់ការបន្តអ្វីៗ​ទៅអោយគ្រួសារ ដើម្បីអោយពួកគេ​រស់នៅដោយស្រួល​ពេលអ្នកស្លាប់ទៅ។ វាមានន័យថា​អោយអ្នកនិយាយពាក្យលាអោយហើយ។

ខ្ញុំរស់​ជាមួយ​ក្រដាស់​លទ្ធផលពិនិត្យ​សុខភាព​​នោះពេញមួយថ្ងៃ។ ល្ងាចថ្ងៃនោះ ខ្ញុំទទួល​ការធ្វើ​កោសល្យវិច័យ។ គេញាត់​អន្តោទស្សន៍​ចូលតាម​បំពង់ក ចូលក្នុងក្រពះ ពោះវៀន រួចយក​ម្ជុល​​ចាក់លើ​លំពែង​​របស់ខ្ញុំ​​ដើម្បី​ជួសយក​កោសិកា​​មួយចំនួន​​ពីដុំមហារីកនោះ។ ខ្ញុំត្រូវ​គេចាក់ថ្នាំ​សន្លប់​​មិនដឹងខ្លួនទេ។ ប៉ុន្តែ​ប្រពន្ធខ្ញុំ​ដែលនៅទីនោះ​ដែរ​បានប្រាប់ខ្ញុំថា ពេលដែល​គេមើល​កោសិកា​ខ្ញុំ​តាមមីក្រូទស្សន៍ គ្រូពេទ្យ​ចាប់ផ្ដើម​ស្រក់ទឹកភ្នែក ព្រោះគេ​បានឃើញថា​វាជាប្រភេទ​​មហារីកលំពែង​​ដ៏កម្រមាន ដែលអាច​ព្យាបាលបាន​ដោយការវះកាត់។ ខ្ញុំទទួល​ការវះកាត់​ ហើយខ្ញុំ​មានសុខភាព​ល្អវិញហើយ​នៅពេលនេះ។

នោះជា​នាទី​ដែលខ្ញុំ​នៅក្បែរ​សេចក្ដីស្លាប់​ជាងគេ។ ខ្ញុំសង្ឃឹមថា​​ខ្ញុំនឹងមិននៅ​ក្បែរវា​ជាងនេះ​ទៀតទេ​​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ទៀតនេះ។ ដោយរស់​ឆ្លងកាត់​បទពិសោធន៍​នេះ ខ្ញុំអាចប្រាប់​អ្នកបានច្បាស់​ជាងមុន ជាងពេលដែលការស្លាប់​គ្រាន់តែ​ជាមនោគតិ​សុទ្ធសាធនោះថា៖ ​គ្មាននរណា​ម្នាក់ចង់ស្លាប់ទេ។ សូម្បីតែ​មនុស្សដែល​ចង់​ទៅឋានសួគ៌ ក៏មិនចង់ស្លាប់​ដើម្បីទៅទីនោះដែរ។ តែការស្លាប់​ជាទីដៅ​ដែល​យើងទាំងអស់​គ្នាត្រូវទៅ​ដូចគ្នា។ គ្មាននរណា​ម្នាក់​អាចគេចវេស​បានទេ។ វាជារឿង​ធម្មជាតិ ព្រោះ ការស្លាប់​ ទំនងជា​របកគំឃើញ​ដ៏ប្រសើរបំផុតតែមួយគត់​របស់ ការរស់។ ការស្លាប់​ជាភ្នាក់ងារ​ផ្លាស់ប្ដូរ​ការរស់។ វាលុបបំបាត់​អ្វីៗដែល​ចាស់ទៅ ហើយបើក​ផ្លូវអោយ​អ្វីៗដែលថ្មី។ ឥលូវនេះ​​អ្នកជាអ្វីៗដែលថ្មី​នោះ ប៉ុន្តែនៅថ្ងៃ​ណាមួយ​​ដែលនៅមិនឆ្ងាយ​ប៉ុន្មាន អ្នកនឹង​ក្លាយជា​ចាស់​បន្តិច​ម្ដងៗ ហើយ នឹងត្រូវ​បានគេ​លុបបំបាត់​ចេញ។ សូមទោស​ដែលនិយាយ​បែបនាដកម្ម ប៉ុន្តែ​វាជារឿងពិត។

ពេលវេលា​របស់អ្នក​មានកំណត់ ហេតុនេះ​សូមកុំ​ខ្ជះខ្ជាយ​វាក្នុងការរស់នៅ​​ជីវិតរបស់​អ្នកដទៃ។ កុំរស់នៅ​ដោយលទ្ធផល​របស់គំនិត​អ្នកដទៃ។ កុំអោយ​សំលេងរំខាន​​របស់មតិ​អ្នកដទៃ​​ពន្លិច​សំលេង​ដែលនៅក្នុង​ចិត្តអ្នក។ ហើយសំខាន់​ជាងនេះទៅទៀត ត្រូវមាន​សេចក្ដីក្លាហាន​ធ្វើតាម​សំលេងបេះដូង​​និងញាណ​របស់អ្នកផ្ទាល់។ របស់ទាំង២​នេះ​ដឹងរួចទៅហើយ​​ពីអ្វីដែលអ្នក​ចង់ធ្វើពិតប្រាកដ។ អ្វីៗ​ក្រៅពីនោះ​គ្រាន់តែជា​របស់រាយរង​ប៉ុណ្ណោះ។

៥. សេចក្ដីបញ្ចប់

ពេលខ្ញុំ​នៅក្មេង មានសៀវភៅ​ដ៏អស្ចារ្យមួយ​ឈ្មោះ The Whole Earth Catalog ដែលជា​គម្ពីរមួយ​សំរាប់អ្នក​រស់ជំនាន់ខ្ញុំ។ វាត្រូវបាន​ផលិតដោយ​បុរសម្នាក់​ឈ្មោះ Stewart Brand ដែលរស់នៅ Menlo Park មិនឆ្ងាយ​ប៉ុន្មានទេ​ពីទីនេះ។ គាត់បាន​ធ្វើវា​ដោយការរចនា​ដ៏ប៉ិនប្រសព្វ។ វាត្រូវបាន​ផលិតនៅទសវត្សរ៍​ឆ្នាំ៦០ មុនសម័យ​ដែលគេបោះពុម្ភសៀវភៅ​ដោយប្រើកុំព្យូទ័រ​​និងDTP។ វាត្រូវបាន​ផលិត​ទាំងស្រុង​ដោយប្រើ​អង្គលីលេខ កន្ត្រៃ និង ម៉ាស៊ីនថត​ផូឡារ័យ។ វាហាក់​ដូចជា​ហ្គូហ្គល​​ក្នុងទំរង់ជា​ក្រដាស់សៀវភៅ កាលពី៣៥ឆ្នាំមុន ពេលហ្គូហ្គល​មិនទាន់មាន​មែនទែន។ វាប្រកប​ដោយឧត្តមគតិ និងពោរពេញ​ទៅដោយ​សញ្ញាណ​​និងវិធីសាស្ត្រ​ពិសេសៗ។

Stewart និងក្រុមការងារ​របស់គាត់​​បានចេញផ្សាយThe Whole Earth Catalog ជាច្រើនលេខ ហើយនៅពេល​ដែលវាក្ដោបយក​ខ្លឹមសារ​ស្ទើរទាំងអស់​ហើយ ពួកគេ​បានបោះផ្សាយ​លេខចុងក្រោយ។ គឺនៅពាក់កណ្ដាញ​ទសវត្សរ៍ឆ្នាំ៧០ ពេលខ្ញុំ​មានអាយុ​ស្របាល​អ្នកទាំងអស់គ្នា។ នៅលើ​ក្របក្រោយ​របស់​លេខចុងក្រោយ​នោះ ជារូបភាព​ផ្លូវជនបទ​​នាព្រឹកព្រលឹម ​ដូច​ទិដ្ឋភាព​ដែលអ្នកឃើញ​ប្រសិនបើ​អ្នកធ្លាប់ធ្វើការសុំដោយសារឡានគេ។ នៅខាងក្រោម​រូបនោះមានសរសេរ​ថា «Stay Hungry. Stay Foolish.» (បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ(3)។)។ នោះជា​ពាក្យលា​របស់ពួកគេ។ Stay Hungry. Stay Foolish ។ ហើយវា​តែងតែ​ជាអ្វីដែល​ខ្ញុំចង់បាន​សំរាប់ខ្លួន​ខ្ញុំផ្ទាល់។ ហើយនៅពេលនេះ អ្នកបញ្ចប់​ការសិក្សា​និង​ចាប់ផ្ដើមជីវិត​ថ្មីមួយ ខ្ញុំសូមជូនពរ​អ្នក​ដោយប្រើ​ពាក្យទាំងនេះ។

Stay Hungry. Stay Foolish.

សូមអរគុណច្រើន។

———————————————-

វាចារអ្នកបកប្រែ

វាជា​ការលំបាកមួយ​​ក្នុងការ​បកប្រែ​គោលគំនិត​ជនជាតិអាមេរិច​​មកជា​ភាសាខ្មែរ។ តែខ្ញុំ​បានប្រឹងប្រែង​អស់ពីសមត្ថភាព​ដើម្បីធ្វើវា​ហើយ។ ស្ទីប ចប ថ្លែងសុន្ទរកថាក្នុង​បរិបទមួយចំនួនធំ​ដែល​ជនជាតិអាមេរិច​ណាក៏យល់ តែសំរាប់​ជនជាតិ​ខ្មែរវិញ វាដូចជា​ពិបាកយល់បន្តិច។ ខ្ញុំបានប្រឹងប្រែង បកប្រែ​ដោយវាក្យស័ព្ទ​ផ្ទាល់ និងសំរួលទំរង់ល្បះ​មួយចំនួន​ដើម្បីស្រួល​យល់ន័យ។ ការរបកប្រែ​ដោយវាក្យស័ព្ទ​ផ្ទាល់ ដើម្បី​រក្សាពាក្យដើម ហាក់ដូចពាក្យជាខ្មែរ​ទាំងនោះ​ចេញពីមាត់​របស់ស្ទីវ ចប ខ្លួនឯងផ្ទាល់។ ប៉ុន្តែ​ជួនកាល​វាអាច​ធ្វើអោយ​ពិបាកយល់។ ខ្ញុំនឹង​ធ្វើការពន្យល់​បន្ថែម​ដូចខាងក្រោម៖

(1) បកប្រែពាក្យ «dots» ជា «ចំនុច» ។ អ្វីដែលយើងធ្វើ និងអ្វីដែលយើងទទួល ប្រៀបធៀប​ជាចំនុច​ពេលវេលា​​លើឆាកជីវិត។ អ្វីដែលយើង​ធ្វើ មានសរុបរួម ចំនេះដឹង បទពិសោធន៍ ព្រឹត្តិការណ៍​ក្នុងជីវិត ជាដើម។ អ្វីដេល​យើងទទួល សរុបរួម លទ្ធផល ជោគជ័យ ឬបរាជ័យ ជាដើម។ សញ្ញាណ​ចំនុចនេះ បញ្ជាក់យ៉ា​ងច្បាស់ថា ពេលវេលា​មនុស្សរស់នៅ​ជាប់ៗ​គ្នាមែន តែអ្វីដែល​រាប់យកជាការបាន ប្រហែល​គ្រាន់តែជា​ចំនុចរាយប៉ាយ​ប៉ុណ្ណោះ។ ​អ្វីដែលយើង​រៀនចេះ​នៅពេលនេះ វាប្រហែល​គ្មានប្រយោជន៍​ភ្លាមៗ តែវាអាចមាន​ប្រយោជន៍​នៅពេលណាមួយ​ក្នុងជីវិតយើង។ ការគិតបែបនោះហើយ​ជាការភ្ជាប់ចំនុច​ដែល​លោកស្ទីវចប​គាត់ចង់ប្រាប់។

(2) បកប្រែ«valley»ជា «ជ្រលងស៊ីលីខន់»។ ពាក្យ valley នៅទីនេះគឺសំដៅលើ Silicon Valley ដែលយើង​អាចបកប្រែ​ផ្ទាល់ជា​ជ្រលងស៊ីលីខន់។ Silicon Valley ជាពាក្យតំណាង​ដ៏ល្បី​​ដែល​ជនជាតិអាមេរិច​គ្រប់រូបស្គាល់។ វាតំណាងអោយ​តំបន់ខាងជើង​រដ្ឋកាលីហ្វរនៀ ដែលក្រុមហ៊ុន​អេឡិចត្រូនិច​​និងព័ត៌មានវិទ្យា​ធំៗ​តំណាងអោយ​វិស័យអេឡិចត្រូនិច​អាមេរិច ដូចជា Apple, AMD, Google, hp, Intel, Symantec, Yahoo បោះទីស្នាក់ការ​ធំ​នៅ។គេអាចនិយាយថា  វិស័យ​អេឡិចត្រូនិចអាមេរិច មានប្រភពពី​ជ្រលងស៊ីលីខន់ នេះឯង។

(3) «Stay Hungry. Stay Foolish.» ខ្ញុំមាន​ការលំបាក​​ក្នុងកា​របកប្រែ​ពាក្យនេះ​ជាខ្មែរណាស់ ហេតុនេះ​ខ្ញុំសំរេចទុក​ឃ្លាដើម ដោយដាក់​ការបកប្រែផ្ទាល់ថា«បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ។»នៅក្នុង​វង់ក្រចក។  បើស្ដាប់ជា​ខ្មែរ វាមានន័យ​២​ ទៅតាម​បរិបទ។ មួយ​គំរោះគំរើយ​បែប​មាក់ងាយ និងមួយទៀត​បែបលើក​ទឹកចិត្ត (តែខ្ញុំគិតថា មនុស្សា​ភាគច្រើន​ប្រាកដជា​យកន័យទី១​ច្រើនជាង បើបកជា​ខ្មែរបែបនេះ)។ ន័យទីមួយ វាហាក់ដូចជា​មាក់ងាយ​​អ្នកក្រីក្រ​គ្មានអ្វីហូប​​និង​ជាអក្ខរជន អោយនៅតែ​ស្រេកឃ្លាន​និង​ល្ងង់ខ្លៅ​​ទៀតទៅ។  តែក្នុង​សុន្ទរកថានេះ ស្ទីវ​ ចប គាត់ចង់​អោយយើង ស្រេកឃ្លាន​​ចង់បានអ្វីដែល​យើងស្រលាញ់ ស្រេកឃ្លាន​ធ្វើអ្វីដែលយើងចង់ធ្វើ បន្តដេញតាម​អ្វីដែលយើង​ប្រាថ្នា កុំបោះចោល​កណ្ដាលផ្លូវ។ មនុស្សឆ្លាត​គឺមនុស្ស​ដែលធ្វើអ្វីៗ​តាមគេ បត់បែនតាមកាលៈទេសៈ​ សំរបសំរួល​នឹងបរិយាកាស​ជុំវិញ។ គាត់អោយយើង​បន្តភាពភ្លីភ្លើ​ជាកូនក្មេង មិនធ្វើ​ដូចមនុស្សឆ្លាត​ខាងលើ ប្រឹងប្រែង​ធ្វើអ្វីតាម​ចិត្តយើង​ត្រូវការ តាមអ្វី​ដែលយើងគិតថាត្រូវ ទោះជា​គេនិយាយថា​ការធ្វើបែបនេះ​​ជាអំពើល្ងង់ខ្លៅ​ក៏ដោយ។ ភាពស្រេកឃ្លាន​ចង់បាន មិនស្កប់ស្ងល់នឹងអ្វីដែលខ្លួនមាន ភាពភ្លីភ្លឺ​ហ៊ានប្រថុយ​ធ្វើអ្វីដែល​គេគិតថាឆ្កួតៗ ជាលក្ខណៈសំគាល់​របស់យុវវ័យ។ សរុបមក គាត់ចង់​អោយយើង​រក្សានូវយុវភាព​នេះ ទោះជាយើង​ក្លាយជាមនុស្ស​ធំដឹងក្ដីក៏ដោយ។

សូមអរគុណដែលបានអានដល់ចប់!

7 ចំលើយ ទៅ ស្ទីវ ចប៖ សុន្ទរកថាដែលគួរចងចាំ

  1. ឧត្តម និយាយថា ៖

    អរគុណម្ចាស់ប្លុក! អ្នកនឿយហត់ហើយសម្រាប់ការងារបកប្រែនេះ! តែវា​បាន​រួម​ចំណែក​មួយយ៉ាងធំស្រាយ​ចំណេះ​ដឹង​ជីវិត​សម្រាប់​អ្នក​អាន​ជា​ច្រើននាក់ជា​ជនជាតិខ្មែរ។

  2. វិចូច និយាយថា ៖

    អរគុណ​បង​ប្រុស ដែល​បាន​ចំណាយ​ពេល​បក​ប្រែ។ ការ​ធ្វើ​បែប​នេះ​នឹង​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​អាន​ហើយ​ងាយ​យល់​ថែម​ទៀត​ផង។ :)

  3. Pingback: Stay Hungry, Stay Foolish ! « ​

  4. ប្រាក់ សុភី និយាយថា ៖

    សូម​អគុណ​ចំពោះការ​បក​ប្រែនេះ​ពិតជាអស្ចារ្យមែនទែន។

  5. ប្រុញ និយាយថា ៖

    អគុណនូវការចែករំលែកនេះ

  6. គីមស៊្រុន និយាយថា ៖

    អរគុណអ្នកទាំងអស់គ្នាដែលបានអានដល់ចប់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.