កម្ពុជាក្នុងក្រសែភ្នែកអ្នកវិនិយោគជប៉ុន

ក្រុមហ៊ុនជប៉ុន​តែងផ្លាស់ប្ដូរទីតាំង​ផលិតផលិតផល​របស់ខ្លួនមកកាន់បណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតំលៃពលកម្ម​នៅប្រទេសទាំងនោះនៅទាប។ ជាក់ស្ដែង ក្រុមហ៊ុននៅជប៉ុន​ប្ដូរទីតាំងវិនិយោគ​របស់ខ្លួន​ពីចិន មក ថៃ និង វៀតណាម ហើយ​នៅពេលអនាគត​ដ៏ខ្លឺ​ខាងមុខនេះ គឺដល់វេនកម្ពុជាយើងហើយ។ ក្រុមហ៊ុនជប៉ុនបានចាប់ផ្ដើម​បោះវិនិយោគទុន​ជាបណ្ដើរៗ​ហើយនៅកម្ពុជា ប៉ុន្តែ​នៅមិនទាន់មាន​ចំនួនច្រើននៅឡើយ (បច្ចុប្បន្ន​មានប្រមាណតែជាង៩០ក្រុមហ៊ុនប៉ុណ្ណោះ)។ ក្រោយពីគ្រោះទឹកជំនន់នៅប្រទេសថៃ ក្រុមហ៊ុនដែល​យកប្រទេស​ថៃ​ជា«មូលដ្ឋានកណ្ដាល»​ប្រចាំអាស៊ីអាគ្នេយ៍នោះ​ ទទួលរង​នូវការខូចខាត​យ៉ាងធំ។ ហេតុនេះគេ​កំពុងគិត​ចង់​បន្ថយ​គ្រោះខូចខាត(risk) តាមរយៈការពង្រាយ​ទីតាំងផលិត​នៅប្រទេស​ផ្សេង ហើយពេលនេះ​គេកំពុង​ចាប់ផ្ដើម​ចាប់អារម្មណ៍​ជាខ្លាំងមកលើ​កម្ពុជា។

ខាងក្រោមនេះជាអត្ថបទដកស្រង់បទសំភាសន៍​ជាមួយលោក អ៊ីវ៉ាតាតិ ហ៊ីរ៉ូមីត្សឹ ​ប្រធានសមាគមអ្នកជំនួញជប៉ុនប្រចាំកម្ពុជា។

១. មូលហេតុដែលគេចាប់អារម្មណ៍ពីកម្ពុជា

មូលហេតុចំបងៗមាន កំណើត​តំលៃពលកម្ម​នៅបណ្ដា​ទិសដៅវិនិយោគ​មុនៗដូចជា​ចិនវៀតណាម​និងថៃ ការបន្ថយគ្រោះខូតខាច និងការចង់ពង្រាយបណ្ដាញផ្គត់ផ្គង់​គ្រឿងសម្ភារៈ​និងវត្ថុធាតុដើម។ គេក៏ចាប់អារម្មណ៍ខ្លាំងលើ​បណ្ដាប្រទេស​ផ្សេងទៀត ដូចជា​ឥណ្ឌូនេស៊ី បង់ក្លាដែស្ស និង មីយ៉ាន់ម៉ាដែរ សំរាប់មូលហេតុដូចគ្នានេះ។ ប៉ុន្តែ«ចំនុចខ្លាំង»របស់កម្ពុជា​រួមមានកត្តាមួយចំនួនដូចជា នយោបាយ​និងសង្គម​មានស្ថេរភាពគួរសម សេដ្ឋកិច្ចផ្អែកលើ​ប្រាក់ដុល្លារ មានសញ្ចេតនាល្អប្រសើរ(ស្រលាញ់)​អំពីជនជាតិជប៉ុន គ្រោះធម្មជាតិមិនសូវមាន។

២. បញ្ហាដែលកម្ពុជាត្រូវដោះស្រាយ​ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុន
បញ្ហាចំបងគេគឺថាមពលអគ្គីសនី តំលៃភ្លើងអគ្គីសនីនៅខ្ពស់នៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង ហើយការផ្គត់ផ្គងក៏មិនទាន់​មានស្ថេរភាពនៅឡើយ។ ម្យ៉ាងទៀត ដើម្បីអោយគេអាចរកបានកំលាំងពលកម្ម​គ្រប់គ្រាន់ គេចាំបាច់ធ្វើអោយមាន​លំហូរធនធានមនុស្សនៅក្នុងប្រទេស។ គេឃើញមានកំនើន​កំលាំងពលកម្ម​៣០ម៉ឺននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែគេមិនសូវឃើញមានលំហូរ​ប្រជាជន​ពីស្រែចំការ​មកទីក្រុង ឬនៅក្នុងក្រុងច្រើនប៉ុន្មានទេ។ ហេតុនេះ កំលាំងពលកម្មមានទំនោរទៅផ្ដុំគ្នា​នៅក្នុងវិស័យផលិតកម្មចំបង (កសិកម្ម) ជាហេតុធ្វើអោយក្រុមហ៊ុនដែលខំបង្កើតការងារហើយ តែបែរជាមិនអាចរកមនុស្សអោយមកធ្វើបានទៅវិញ។ កម្ពុជាមិនមែនខ្វះកំលាំងពលកម្មទេ តែបញ្ហាគឺនៅលើ«ការផ្សំផ្គុំគ្នា»វិញទេ។ ខាងក្រុមហ៊ុន​ចាំបាច់ត្រូវសាងសង់កន្លែងស្នាក់នៅសំរាប់ពលករ និងបង្កើនកេរ្តិ៍ឈ្មោះ ចំនែកខាងកម្ពុជាវិញ​ត្រូវជួយជ្រោមជ្រែងពេញ​ទំហឹង ក្នុងការបង្កើត​ប្រព័ន្ធមួយដើម្បី​ជួយផ្សំផ្គុំតំរូវការនិងការផ្គត់ផ្គង់។ ចំនុចនេះកំពុង​ស្ថិតក្នុងរបៀបវីរៈអង្គប្រជុំ រវាង រដ្ឋនិងឯកជន ជប៉ុននិងកម្ពុជា​។

៣. ស្ថានភាពនៅបណ្ដាប្រទេសជុំវិញដូចជា បំលាស់ប្ដូររដ្ឋាភិបាលថ្មីនៅថៃ ចំណាប់ផ្ដើមបំរែបំរួលនយោបាយនៅមីយ៉ាន់ម៉ា ជាដើម មានឥទ្ធិពលយ៉ាងណាមកលើសេដ្ឋកិច្ចកម្ពុជា

នាយករដ្ឋមន្ត្រីថៃ អ្នកស្រីយីងឡាក់ ជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលជាមិត្តជិតស្និតនឹងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន។ គេមានសង្ឃឹម​ចំពោះការរឹតទំនាក់ទំនង​ល្អឡើងវិញជាមួយកម្ពុជា។ គេបានផ្ដើមការអភិវឌ្ឍ​ស្រែប្រេងកាតនិងឧស្ម័ននៅតាមព្រំដែនឡើង ហើយសកម្មភាពសេដ្ឋកិច្ច​តាមបណ្ដាខេត្តនៅជាប់ព្រំដែន​ដូចជាបាត់ដំបង​និងកោះកុង​នឹងមានសភាពមមាញឹកឡើង។

ចំពោះមីយ៉ាន់ម៉ាវិញ ជាប្រទេសដែលបង្កប់ដោយ​សកត្ដានុពលខាង ធនធានមនុស្ស ធនធានធម្មជាតិ។ ពេលដែលនយោបាយ​ផ្លាស់ប្ដូរមក​លទ្វិប្រជាធិបតេយ្យ​បន្តិចទៀត  មីយ៉ាន់ម៉ា​អាចក្លាយជាគូរប្រកួតប្រជែង​យ៉ាងខ្លាំង​ជាមួយកម្ពុជា ក្នុងនាមជាមុខព្រួញទាក់ទាញវិនិយោគ​ពីបរទេស។ ប៉ុន្តែ អនាគតនៅមិនទាន់ច្បាស់លាស់ ហើយហេដ្ឋារចនាសម្ព័ន្ធ​នៅខ្វះខាតនៅឡើយ នាពេលខ្លីៗនេះ​គេមិនគិតថា​នឹងមាន​ការបោះវិនិយោគភ្លោកទឹកភ្លោកដីឡើយ ដូចកម្ពុជាឡើយ

 

៤. តួនាទីក្រុមហ៊ុនជប៉ុននៅកម្ពុជា

យើងកំពុងគិតពី​ការបញ្ចូលកម្មវិធី CSR (ទំនួលខុសត្រវរបស់សហគ្រាសចំពោះសង្គម)។ យើងបានបរិច្ចាគមីកញ្ចប់ចំនួន​២ម៉ឺនកញ្ចប់​ដល់ជនរងគ្រោះទឹកជំនន់ កាលពីខែតុលាកន្លងទៅ។ យើងនឹងបន្តរៀបចំកញ្ចប់ថវិកាសំរាប់សកម្មភាព​សង្គមបែបនេះទៀត។

កំណត់សំគាល់ៈ​ ប្រធានសមាគមអ្នកជំនួញជប៉ុនប្រចាំកម្ពុជា(Japanese Business Association of Cambodia) បង្កើតនៅឆ្នាំ១៩៩២ សំរាប់ប្រមូលផ្ដុំនិងផ្លាស់ប្ដូរព័ត៌មាន​​រវាងក្រុមហ៊ុន​នៅបោះវិនិយោគទុនរកស៊ីនៅកម្ពុជា។ សមាជិកភាគច្រើននៅក្នុង​សមាគមនេះ មានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh Special Economic Zone)។ សមាគមនេះមានសមាជិក៩១ក្រុមហ៊ុន និង​កំពុងកើនឡើងយ៉ាងរហ័ស។

ឯកសារយោង៖ កាសែតសាំងកេ (ភាសាជប៉ុន)

ស្វែងយល់បន្ថែម៖ ប្រធានសមាគមអ្នកជំនួញជប៉ុនប្រចាំកម្ពុជា (ភាសាជប៉ុន)

2 ចំលើយ ទៅ កម្ពុជាក្នុងក្រសែភ្នែកអ្នកវិនិយោគជប៉ុន

  1. lavorn (ឡាវ័ន​) និយាយថា ៖

    this post is very good, thanks for sharing n posting.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.