កម្ពុជាក្នុងក្រសែភ្នែកអ្នកវិនិយោគជប៉ុន

ក្រុមហ៊ុនជប៉ុន​តែងផ្លាស់ប្ដូរទីតាំង​ផលិតផលិតផល​របស់ខ្លួនមកកាន់បណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតំលៃពលកម្ម​នៅប្រទេសទាំងនោះនៅទាប។ ជាក់ស្ដែង ក្រុមហ៊ុននៅជប៉ុន​ប្ដូរទីតាំងវិនិយោគ​របស់ខ្លួន​ពីចិន មក ថៃ និង វៀតណាម ហើយ​នៅពេលអនាគត​ដ៏ខ្លឺ​ខាងមុខនេះ គឺដល់វេនកម្ពុជាយើងហើយ។ ក្រុមហ៊ុនជប៉ុនបានចាប់ផ្ដើម​បោះវិនិយោគទុន​ជាបណ្ដើរៗ​ហើយនៅកម្ពុជា ប៉ុន្តែ​នៅមិនទាន់មាន​ចំនួនច្រើននៅឡើយ (បច្ចុប្បន្ន​មានប្រមាណតែជាង៩០ក្រុមហ៊ុនប៉ុណ្ណោះ)។ ក្រោយពីគ្រោះទឹកជំនន់នៅប្រទេសថៃ ក្រុមហ៊ុនដែល​យកប្រទេស​ថៃ​ជា«មូលដ្ឋានកណ្ដាល»​ប្រចាំអាស៊ីអាគ្នេយ៍នោះ​ ទទួលរង​នូវការខូចខាត​យ៉ាងធំ។ ហេតុនេះគេ​កំពុងគិត​ចង់​បន្ថយ​គ្រោះខូចខាត(risk) តាមរយៈការពង្រាយ​ទីតាំងផលិត​នៅប្រទេស​ផ្សេង ហើយពេលនេះ​គេកំពុង​ចាប់ផ្ដើម​ចាប់អារម្មណ៍​ជាខ្លាំងមកលើ​កម្ពុជា។

ខាងក្រោមនេះជាអត្ថបទដកស្រង់បទសំភាសន៍​ជាមួយលោក អ៊ីវ៉ាតាតិ ហ៊ីរ៉ូមីត្សឹ ​ប្រធានសមាគមអ្នកជំនួញជប៉ុនប្រចាំកម្ពុជា។

១. មូលហេតុដែលគេចាប់អារម្មណ៍ពីកម្ពុជា

មូលហេតុចំបងៗមាន កំណើត​តំលៃពលកម្ម​នៅបណ្ដា​ទិសដៅវិនិយោគ​មុនៗដូចជា​ចិនវៀតណាម​និងថៃ ការបន្ថយគ្រោះខូតខាច និងការចង់ពង្រាយបណ្ដាញផ្គត់ផ្គង់​គ្រឿងសម្ភារៈ​និងវត្ថុធាតុដើម។ គេក៏ចាប់អារម្មណ៍ខ្លាំងលើ​បណ្ដាប្រទេស​ផ្សេងទៀត ដូចជា​ឥណ្ឌូនេស៊ី បង់ក្លាដែស្ស និង មីយ៉ាន់ម៉ាដែរ សំរាប់មូលហេតុដូចគ្នានេះ។ ប៉ុន្តែ«ចំនុចខ្លាំង»របស់កម្ពុជា​រួមមានកត្តាមួយចំនួនដូចជា នយោបាយ​និងសង្គម​មានស្ថេរភាពគួរសម សេដ្ឋកិច្ចផ្អែកលើ​ប្រាក់ដុល្លារ មានសញ្ចេតនាល្អប្រសើរ(ស្រលាញ់)​អំពីជនជាតិជប៉ុន គ្រោះធម្មជាតិមិនសូវមាន។

២. បញ្ហាដែលកម្ពុជាត្រូវដោះស្រាយ​ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុន
បញ្ហាចំបងគេគឺថាមពលអគ្គីសនី តំលៃភ្លើងអគ្គីសនីនៅខ្ពស់នៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង ហើយការផ្គត់ផ្គងក៏មិនទាន់​មានស្ថេរភាពនៅឡើយ។ ម្យ៉ាងទៀត ដើម្បីអោយគេអាចរកបានកំលាំងពលកម្ម​គ្រប់គ្រាន់ គេចាំបាច់ធ្វើអោយមាន​លំហូរធនធានមនុស្សនៅក្នុងប្រទេស។ គេឃើញមានកំនើន​កំលាំងពលកម្ម​៣០ម៉ឺននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែគេមិនសូវឃើញមានលំហូរ​ប្រជាជន​ពីស្រែចំការ​មកទីក្រុង ឬនៅក្នុងក្រុងច្រើនប៉ុន្មានទេ។ ហេតុនេះ កំលាំងពលកម្មមានទំនោរទៅផ្ដុំគ្នា​នៅក្នុងវិស័យផលិតកម្មចំបង (កសិកម្ម) ជាហេតុធ្វើអោយក្រុមហ៊ុនដែលខំបង្កើតការងារហើយ តែបែរជាមិនអាចរកមនុស្សអោយមកធ្វើបានទៅវិញ។ កម្ពុជាមិនមែនខ្វះកំលាំងពលកម្មទេ តែបញ្ហាគឺនៅលើ«ការផ្សំផ្គុំគ្នា»វិញទេ។ ខាងក្រុមហ៊ុន​ចាំបាច់ត្រូវសាងសង់កន្លែងស្នាក់នៅសំរាប់ពលករ និងបង្កើនកេរ្តិ៍ឈ្មោះ ចំនែកខាងកម្ពុជាវិញ​ត្រូវជួយជ្រោមជ្រែងពេញ​ទំហឹង ក្នុងការបង្កើត​ប្រព័ន្ធមួយដើម្បី​ជួយផ្សំផ្គុំតំរូវការនិងការផ្គត់ផ្គង់។ ចំនុចនេះកំពុង​ស្ថិតក្នុងរបៀបវីរៈអង្គប្រជុំ រវាង រដ្ឋនិងឯកជន ជប៉ុននិងកម្ពុជា​។

៣. ស្ថានភាពនៅបណ្ដាប្រទេសជុំវិញដូចជា បំលាស់ប្ដូររដ្ឋាភិបាលថ្មីនៅថៃ ចំណាប់ផ្ដើមបំរែបំរួលនយោបាយនៅមីយ៉ាន់ម៉ា ជាដើម មានឥទ្ធិពលយ៉ាងណាមកលើសេដ្ឋកិច្ចកម្ពុជា

នាយករដ្ឋមន្ត្រីថៃ អ្នកស្រីយីងឡាក់ ជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលជាមិត្តជិតស្និតនឹងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន។ គេមានសង្ឃឹម​ចំពោះការរឹតទំនាក់ទំនង​ល្អឡើងវិញជាមួយកម្ពុជា។ គេបានផ្ដើមការអភិវឌ្ឍ​ស្រែប្រេងកាតនិងឧស្ម័ននៅតាមព្រំដែនឡើង ហើយសកម្មភាពសេដ្ឋកិច្ច​តាមបណ្ដាខេត្តនៅជាប់ព្រំដែន​ដូចជាបាត់ដំបង​និងកោះកុង​នឹងមានសភាពមមាញឹកឡើង។

ចំពោះមីយ៉ាន់ម៉ាវិញ ជាប្រទេសដែលបង្កប់ដោយ​សកត្ដានុពលខាង ធនធានមនុស្ស ធនធានធម្មជាតិ។ ពេលដែលនយោបាយ​ផ្លាស់ប្ដូរមក​លទ្វិប្រជាធិបតេយ្យ​បន្តិចទៀត  មីយ៉ាន់ម៉ា​អាចក្លាយជាគូរប្រកួតប្រជែង​យ៉ាងខ្លាំង​ជាមួយកម្ពុជា ក្នុងនាមជាមុខព្រួញទាក់ទាញវិនិយោគ​ពីបរទេស។ ប៉ុន្តែ អនាគតនៅមិនទាន់ច្បាស់លាស់ ហើយហេដ្ឋារចនាសម្ព័ន្ធ​នៅខ្វះខាតនៅឡើយ នាពេលខ្លីៗនេះ​គេមិនគិតថា​នឹងមាន​ការបោះវិនិយោគភ្លោកទឹកភ្លោកដីឡើយ ដូចកម្ពុជាឡើយ

 

៤. តួនាទីក្រុមហ៊ុនជប៉ុននៅកម្ពុជា

យើងកំពុងគិតពី​ការបញ្ចូលកម្មវិធី CSR (ទំនួលខុសត្រវរបស់សហគ្រាសចំពោះសង្គម)។ យើងបានបរិច្ចាគមីកញ្ចប់ចំនួន​២ម៉ឺនកញ្ចប់​ដល់ជនរងគ្រោះទឹកជំនន់ កាលពីខែតុលាកន្លងទៅ។ យើងនឹងបន្តរៀបចំកញ្ចប់ថវិកាសំរាប់សកម្មភាព​សង្គមបែបនេះទៀត។

កំណត់សំគាល់ៈ​ ប្រធានសមាគមអ្នកជំនួញជប៉ុនប្រចាំកម្ពុជា(Japanese Business Association of Cambodia) បង្កើតនៅឆ្នាំ១៩៩២ សំរាប់ប្រមូលផ្ដុំនិងផ្លាស់ប្ដូរព័ត៌មាន​​រវាងក្រុមហ៊ុន​នៅបោះវិនិយោគទុនរកស៊ីនៅកម្ពុជា។ សមាជិកភាគច្រើននៅក្នុង​សមាគមនេះ មានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh Special Economic Zone)។ សមាគមនេះមានសមាជិក៩១ក្រុមហ៊ុន និង​កំពុងកើនឡើងយ៉ាងរហ័ស។

ឯកសារយោង៖ កាសែតសាំងកេ (ភាសាជប៉ុន)

ស្វែងយល់បន្ថែម៖ ប្រធានសមាគមអ្នកជំនួញជប៉ុនប្រចាំកម្ពុជា (ភាសាជប៉ុន)

ស្ទីវ ចប៖ សុន្ទរកថាដែលគួរចងចាំ

នេះជា​សុន្ទរកថា​របស់​លោកស្ទីវចប (Steve Jobs) ស្ថាបនិក​ក្រុមហ៊ុនអេបផល ដែលបានធ្វើឡើង​​នៅក្នុង​ពិធីចែក​សញ្ញាប័ត្រ​នៅសាកលវិទ្យាល័យស្ទែនហ្វដ កាលពីឆ្នាំ​២០០៥។ សុន្ទរកថានេះ​​ទទួលបាន​ចំណាប់អារម្មណ៍​​ពីមនុស្ស​ទូទាំងពិភពលោក​​ម្ដងទៀត ក្រោយពេលដែល​​លោក​ស្ទីវចប​​បានទទួលមរណភាព​កាលពីសប្ដាហ៍មុន។ ខាងក្រោមនេះ​ជាវីដេអូ និង​ខ្លឹមសារ​បកប្រែ​​ជា​ភាសាខ្មែរ​ក្រៅផ្លូវការ​របស់ខ្ញុំ។

អាន ច្រើនទៀតនៃប្រកាសនេះ

ដាំរុក្ខជាតិមិនបាច់ប្រើដី

១៥ សីហា ២០១១

ក្រុមហ៊ុនមេប៊្យូល​(Mebiol) បានអភិវឌ្ឍ​បច្ចេកវិទ្យា​អាយមិក(Imec) ដែលជាបច្ចេកវិទ្យា​មួយប្រើសំរាប់​ដាំដុះ​រុក្ខជាតិ​នៅលើបន្ទះស្ដើង​កំរាស់រាប់សិបមីក្រូម៉ែត្រ ដែលគេអោយឈ្មោះថា សន្ទះអ៊ីដ្រូ(Hydro membrane)។

សន្ទះអ៊ីដ្រូនេះអាច​អោយរុក្ខជាតិ​ស្រូបយកតែជាតិទឹក​និង​សារធាតុ​ចិញ្ចឹម ដោយមិនអោយបាក់តេរី ដង្កូវ និង វីរុស ដែលបង្កជំងឺ​ដល់រុក្ខជាតិ​ឆ្លងកាត់បាន។

ដូចដែលលោកអ្នកឃើញនៅទីនេះ ឬសដុះលូតលាស់ដោយផ្ទាល់​លើផ្ទៃបន្ទះ ហើយឬស​ទាំងនោះ​ស្រូបយក​ជាតិទឹក​និង​សារធាតុចិញ្ចឹម​ពីក្នុង​ភ្នាសនេះ ដើម្បីធំធាត់។ គេមិនត្រូវការដីទេ ព្រោះភ្នាសនេះ​ដើរតួនាទីជាដី​ជំនួស។ បញ្ហាតែមួយគត់​នៅទីនេះ គឺរុក្ខជាតិ​មានការលំបាក​ក្នុងការស្រូបយក​ជាតិទឹក​នៅក្នុងភ្នាសនេះ ហេតុនេះ​វាមិនអាចដុះ​ធំពេកបានទេ។ រុក្ខជាតិ​ទាំងនេះ ត្រូវដាក់ក្រោម​បរិស្ថានលំបាក ជាហេតុធ្វើអោយវា​មានគុណភាពខ្ពស់ គ្រាន់តែវា​មិនអាចធំបាន។ បើសិនជាយើង​ផ្ដល់​សារធាតុចិញ្ចឹមរាវ​ពីលើភ្ខាសនេះ វាអាចធំបាន។ ជារួម​បច្ចេកទេស​នេះ គេដាំរុក្ខជាតិ​ដោយប្រើសារធាតុចិញ្ចឹម​រាវ​ពីខាងលើ​និងខាងក្រោមភ្នាស។

ភ្នាសអ៊ីដ្រូ​ធ្វើឡើងពី អ៊ីដ្រូចាហួយស្រូបជាតិទឹក ដែលមានប្រើនៅក្នុងកន្ទបកូនង៉ា​ដែរ។ វាជួយការពារ​កុំអោយទឹកជ្រាបចេញទៅក្រៅ។ លក្ខណនេះក៏​ត្រូវបានអង្កការណាសា​សិក្សា​ក្នុងការដាំដុះរុក្ខជាតិ​នៅក្នុងអវកាស​ផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនមេប៊្យូល​បានសំរេចការដាំ ប៉េងប៉ោះ ត្រសក់ស្រូវមេឡុន និងត្រសក់ ដោយប្រើបច្ចេកវិទ្យា​អាយមិក​នេះ។ នាពេលអនាគត ក្រុមហ៊ុនចង់បង្កើត​ភាពរឹងមាំ​របស់ភ្ខាសនេះ ដើម្បីអោយវាអាចប្រើបាន​ក្នុងការដាំរុក្ខជាតិ​មានឬស​រឹងៗ ដូចជាដើមឈើជាដើម។

ឥលូវនេះ ការបង្កើនទិន្នផលម្ហូបអាហារ​មានសារសំខាន់ណាស់ ដើម្បីដើរអោយទាន់​កំនើនប្រជាជន​និងបញ្ហាកំនើនកំដៅផែនដី។ ក៏ប៉ុន្តែ កង្វះខាតទឹក​និងដីមានជីជាតិ ធ្វើអោយគេមិនអាច​ផលិតអាហារ​អោយទាន់នឹង​កំនើនប្រជាជន​បានទេ។ ហេតុនេះ​នៅក្នុងវិស័យកសិកម្ម យើងចាំបាច់​ត្រូវដាំដុះរុក្ខជាតិ​ដោយប្រសិទ្ធភាព​ខ្ពស់ ដោយប្រើធនធាននិងថាមពល​តិចជាងមុន។ នៅក្នុងវិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា​បែបនេះ​មានការរីកចំរើនខ្លាំងណាស់។ ហេតុនេះ​បើសិនជាយើង​យកបច្ចេកវិទ្យា​ពីវិស័យឧស្សាហកម្ម មកអនុវត្តក្នុងវិស័យ​កសិកម្ម នោះយើងនឹង​ទទួលបានផលប្រយោជន៍យ៉ាងច្រើន។ ក្នុងរយពេលជិត​មួយទសវត្សរ៍ យើងបាននឹងកំពុង​ធ្វើការ​លើការប្រើប្រាស់​បច្ចេកវិទ្យា​ឈានមុខ​ពីប្រទេសជប៉ុន ដើម្បីបង្កើនផលិតកម្ម និងទទួលបានផលិតផល​មានគុណភាពខ្ពស់​បានយ៉ាងប្រសិទ្ធភាព។ ហើយផលិតផលនេះជាផ្លែផ្កា​ពីការងារនោះ។

រុក្ខជាតិម៉ូដែលអាយមិកមួយ​នឹងត្រូវដាក់តាំង​នៅ Miyagi JA នាពាក់កណ្ដាលខែសីហា។ មេប៊្យូល​កំពុងធ្វើគំរោង​បន្តលើ R&D (ស្រាវជ្រាវនិងអភិវឌ្ឍន៍) ដោយមានទស្សនវិស័យ​ក្នុងការធ្វើអោយ​បច្ចេកវិទ្យានេះ​អាចប្រើប្រាស់​បានសំរាប់​តំបន់ទាំងឡាយណា​ដែលទទួលរង​ការបំពុលដី​និងកង្វះខាតទឹក។

————————————————————–

ប្រភព http://www.diginfo.tv/2011/08/15/11-0163-f-en.php

————————————————————–

ក្រដាស់អេឡិចត្រូនិចអ៊ែរ៉ូប៊ីរបស់ក្រុមហ៊ុនប៊្រីជស្តូន

១៥ មេសា ២០១១

នៅ​ពិពណ៌ហ្វាញថិចជប៉ុន* (Finetech Japan) ក្រុមហ៊ុនប៊ី្រជស្តូន* (Bridgestone) បាន​ដាក់​បង្ហាញ​នូវ​អេក្រង់​ក្រដាស់​អេឡិចត្រូនិច*ឈ្មោះ អ៊ែរ៉ូប៊ី (AeroBee) ដែល​គំរោង​នឹង​ចេញ​លក់​ក្នុងពេល​ឆាប់ៗ។

«ក្រដាស់​ឌីជីថល​នេះ​​ដំណើរការ​ខុសគ្នា​ទាំងស្រុង​ពី​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន E-Ink*។ អ៊ែរ៉ូប៊ី​ដំណើរការ​ដោយ​ប្រើ​ម្សឿ​ផ្ទុក​បន្ទុកអគ្គីសនី​​ពណ៌ស​និង​ខ្មៅ ហើយ​ម្សៅ​ទាំងនោះ​​អណ្ដែត​ក្នុង​ខ្យល់​ ពេលណា​គេ​ផ្ដល់​តង់ស្យុង​*ទៅលើ​អេឡិចត្រូត​*ថ្លា។ ហេតុនេះ អ៊ែរ៉ូប៊ី​អាច​ដេញទាន់​ការសរសេរ​ដោយ​ប្រើ​ប៊ិច​​បានយ៉ាងលឿន ព្រោះ​ម្សៅ​ទាំងនោះ​ផ្លាស់ទី​ក្នុង​ខ្យល់។»

«សំរាប់ឧបករណ៍ទំហំA4ដែលមានបង្ហាញនៅទីនេះ យើងផ្ដល់ជូនទាំងផ្នែករឹង (hardware) និងប្រព័ន្ធប្រតិបត្តិការ(OS)។ ហេតុនេះយើងនឹងលក់ជូនជាចំបងទៅក្រុមហ៊ុនធ្វើសមាហរនកម្មប្រព័ន្ធ*។ យើងសង្ឃឹមថាពួកគេនឹងប្រើប្រាស់​អ៊ែរ៉ូប៊ីនេះ ដោយកែច្នៃវា​សំរាប់ផ្ដល់សេវាកម្មជូនអតិថិជនរបស់ពួកគេ។»

កម្មវិធី​អាន Aerobee E-reader ដើរ​ដោយ Linux 2.6 kernel នៅលើ​ប្រូសេស័រ Arm 11។ វា​ថែមទាំង​មាន​RAM ទំហំ 128MB។ វា​មាន​អេក្រង់​ទំហំ​១៣,១អ៊ីញ ទំងន់​ប្រហែល​៦០០ក្រាម និង​មាន​ប៊្លូធូស​​និង​វ៉ាយហ្វាយ​​ផងដែរ។ អ៊ែរ៉ូប៊ី​ប្រើ​បន្ទះតំរង​ដើម្បី​អោយ​អាចមើលឃើញ​​ជាពណ៌ពេញលេញ ហើយ​វា​ក៏អាច​អាន​ការបញ្ចូល​ទិន្នន័យ​​ដោយ​សរសេរ​នឹងដៃ​ផងដែរ។ ដោយសារតែ​ក្រដាស់​អេឡិចត្រូនិច​​​អាចជួយ​សន្សំ​ថាមពល​​និង​ក្រដាស់ ក្រុមហ៊ុន​ប៊្រីជស្តូន​​សង្ឃឹមថា​​អ៊ែរ៉ូប៊ី​​នឹង​ត្រូវបាន​គេ​​ប្រើ​ច្រើន​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម។

«ជាពិសេស អ៊ែរ៉ូប៊ី​​អាចប្រើ​សំរាប់​ជា​ក្រដាស់​សួរអង្កេត ដោយ​ប្រើ​មុខងារ​សរសេរ​ដោយ​ប៊ិច។ តាមពិត​ទៅ យើងខ្ញុំ​កំពុងតែ​ធ្វើ​សំនួរ​អង្កេត​នៅទីនេះ ដោយប្រើ​ឧបករណ៍នេះ និង​រក្សាទុក​លទ្ធផល​​ទៅក្នុង​មូលដ្ឋាន​​ទិន្នន័យ(database)។ អ៊ែរ៉ូប៊ី​​ក៏អាចប្រើ​បាន​ក្នុងគោលដៅ​ផ្សេងទៀត ដូចជា​ការជជែក​ជា​ឌីជីថល​​ក្នុង​ពេល​ត្រួតពិនិត្យ​សុខភាព និង​ធ្វើជា​សៀវភៅ​សិក្សា​ឌីជីថល​​នៅតាម​សាលារៀន​ជាដើម។»

ក្រៅពី​ទំហំA4 យើង​ក៏មាន​ទំហំ​ផ្សេងទៀត​​សំរាប់អោយ​អតិថិជន​រើស​យក​ទំហំដែល​សមស្រប​តាម​តំរូវការរបស់​ពួកគេ។ អ៊ែរ៉ូប៊ី​មាន​លក្ខណៈ​ទន់អាចពត់​បាន និងអាច​បិតភ្ជាប់​ទៅនឹង​ផ្ទែកោង​ផងដែរ។

—————————————————————————–

ប្រភព៖ http://www.diginfo.tv/2011/04/15/11-0077-r-en.php

—————————————————————————–

អាន ច្រើនទៀតនៃប្រកាសនេះ

Lingoes ៖ វចនានុក្រមទាន់ចិត្ត

lingoes គឺជាវចនានុក្រមទាន់ចិត្តស្រដៀងគ្នានឹង Babylon ដែរ ដែលយើងអាចទាញវាមកប្រើដោយសេរី និងឥតគិតថ្លៃ។ ទោះបីជាវាជារបស់ហ្វីៗ តែវាមានលក្ខណៈសម្បត្តិមិនចាញ់ Babylon ប៉ុន្មានទេ។ តែផ្ទុយទៅវិញ វាមានមុខងារមួយចំនួន​លើសពី Babylon ទៅទៀត។ លោកអ្នកអាចប្រើវាដើម្បីឆែកមើលនិយមន័យ​ពាក្យណាមួយនៅលើអេក្រង់របស់លោកអ្នក​ដោយគ្រាន់តែជ្រើសរើស​លើពាក្យនោះតែប៉ុណ្ណោះ រួចlingoesនិងផ្ដល់និយមន័យ​ពន្យល់​ពីក្នុងវចនានុក្រម​ទាំងអស់​ដែលលោកអ្នកបានបញ្ចូល។ វាមាន២ប្រភេទ គឺប្រភេទធម្មតានិងប្រភេទចល័ត​ដែលអាចតំឡើងក្នុងយូអេសប៊ីមេម៉ូរី​បាន។ lingoes ចែកចាយវចនានុក្រមរាប់រយ ក្នុងជាង៦០ភាសា ដោយឥតគិតថ្លៃ ហើយលោកអ្នកក៏អាចជួយlingoes​ផលិតវចនានុក្រមបន្ថែមទៀតដែលមិនទាន់មាននៅឡើយ។ បន្ថែមពីនោះនៅទៀត វាក៏មានកម្មវិធីបន្ទាប់បន្សំមួយចំនួន ដូចជាអត្រាប្ដូរប្រាក់ ម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ តារាងខួបនៃធាតុគីមី និងហ្គេមកំប៉ិចកំប៉ុក​មួយចំនួនដែរ។ ប្រសិនបើមានចំណាប់អារម្មណ៍ សូមទាញយកវាមកប្រើនៅតំណភ្ជាប់ខាងក្រោម៖

ប្រយ័ត្ន៖ ប្រសិនបើលោកអ្នកតំលើងវចនានុក្រមច្រើនពេក នោះវានឹងធ្វើអោយកុំព្យូទ័ររបស់លោកអ្នក​ទាំងមូលដើរយឺត។ សូមជ្រើសរើសតែវចនានុក្រមប្រើញឺកញាប់ប៉ុណ្ណោះដាក់ក្នុងលំនាំដើម។ វចនានុក្រមដែលមិនសូវប្រើ បើកតែពេលចង់ប្រើបានហើយ។